ពលរដ្ឋឃុំឫស្សីជ្រុំ ទទួលបានផ្លូវកៅស៊ូប្រវែង ១០ គីឡូម៉ែត្រ ពីរាជរដ្ឋាភិបាល
ក្រុមប្រជាពលរដ្ឋរស់នៅក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង បានបង្ហាញការពេញចិត្តពេញថ្លើមយ៉ាងខ្លាំងពេលពួកគាត់ទទួលបានផ្លូវកៅស៊ូប្រវែង ១០ គីឡូម៉ែត្រ ពីរាជរដ្ឋាភិបាលកម្ពុជា នាឆ្នាំ ២០២៤ នេះ។
ក្តីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋអ្នកនៅឃុំឫស្សីជ្រុំ បានសម្រេចហើយ ដោយលែងលំបាកធ្វើដំណើរ ឬដឹកជញ្ជូនផលកសិកម្មទៀតហើយ ក្រោយការសំណូមពរឱ្យមានការស្ថាបនាផ្លូវកៅស៊ូនេះពីរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត។
លោក មុត សូនី ជាកសិករ និងអ្នកស្រី កញ្ញា ជាអ្នកលក់ដូរបាយព្រឹក ទល់មុខវិទ្យាល័យ ឫស្សីជ្រុំ ប្រាប់ឱ្យដឹងកាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៤ ថា នៅពេលមានផ្លូវកៅស៊ូស្អាតល្អ ងាយស្រួលចរាចរណ៍ទៅមកបែបនេះ គឺបន្ថយអត្រាគ្រោះថ្នាក់ដោយសាររអិលពេលរដូវវស្សា ឬដីហ៊ុយខ្លាំងពេលរដូវប្រាំង។
តំណាងប្រជាពលរដ្ឋដដែល ជឿជាក់ថា អ្នកទេសចរ នឹងមកលេងកម្សាន្តឆ្លងកាត់ច្រើនក្នុងមូលដ្ឋាន រីឯការលក់ដូរក៏បានធូរធារជាងមុន។ ចំណែកទិន្នផលកសិកម្ម អាចដឹកជញ្ជូនទៅឱ្យឈ្មួញកណ្ដាលបានលឿនរហ័សផងដែរ។ ទោះយ៉ាងណា ពលរដ្ឋ យល់ថា ទៅអនាគត នឹងមានការតភ្ជាប់ពីកៅស៊ូប្រវែង ១០ គីឡូម៉ែត្រ ទៅតំបន់អារ៉ែងបន្ថែមទៀត។
គម្រោងកសាងជាផ្លូវកៅស៊ូ ១០ គីឡូម៉ែត្រ ខាងលើនេះ ជាអំណោយរបស់រាជរដ្ឋាភិបាល ហើយក្រសួងអភិវឌ្ឍន៍ជនបទ និងកងវិស្វកម្ម ឆ្នាំ ២០២៤ ជាអ្នកអនុវត្តគម្រោងសាងសង់ឡើងជាង ៥ ខែកន្លងមក ដើម្បីបំពេញតាមតម្រូវការចង់បានរបស់ពលរដ្ឋក្នុងមូលដ្ឋាន។