មន្ត្រីជាន់ខ្ពស់​អះអាងថា ​កម្ពុជា​ត្រូវត្រៀមខ្លួន​ដោះស្រាយ​បញ្ហាប្រឈម​កង្វះថាមពលអគ្គិសនី​នៅ ​៣ ឆ្នាំ ខាងមុខ​

​លោក កែវ រតនៈ រដ្ឋមន្ត្រីថ្មីនៃក្រសួងរ៉ែ និងថាមពល មានប្រសាសន៍នៅថ្ងៃទី ០៣ ​ខែមិថុនា ឆ្នាំ ២០២៤នេះថា ​នៅចំពោះមុខ ៣ ឆ្នាំ ខាងមុខ (២០២៥-២០២៧) គឺអាចមានការប្រឈមកង្វះថាមពលអគ្គិសនី ​ដែលហៅថា អន្តរកាលថាមពល ហើយក្នុងអន្តរកាលនេះ យើងត្រូវដោះស្រាយបញ្ហាចំនួន ៣ គឺបញ្ហាទី១ ការរក្សាថ្លៃ​ថាមពល​អគ្គិសនីកុំឱ្យឡើង ទី២ ដោះស្រាយបញ្ហាផ្គត់ផ្គង់អគ្គិសនីកុំឱ្យខ្វះ និងទី៣ គឺចង់​បង្កើនថាមពលបៃតងឱ្យបានច្រើន។​

​លោក កែវ រតនៈបានបន្តថា ​សព្វថ្ងៃនេះ កម្ពុជាមានថាមពលបៃតងប្រមាណ ៦២% ខណៈកម្ពុជាចង់ឱ្យបង្កើនដល់ជាង ៧០% មុនឆ្នាំ ២០៣០ ដើម្បីការពារបរិស្ថាន និងយក​ថាមពល​បៃតងក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេសមកបង្កើតការងារឱ្យពលរដ្ឋខ្មែរ។

​លោក កែវ រតនៈ បញ្ជាក់ថា៖« យើងនៅមានបញ្ហាប្រឈមដែល​ត្រូវខិតខំធ្វើការអភិវឌ្ឍបន្ថែមទៀត ពីព្រោះប្រសិនបើយើង មិនធ្វើការអភិវឌ្ឍទៀតទេ យើងប្រាកដជាខ្វះ ប៉ុន្តែបើរួមគ្នាគាំទ្រការអភិវឌ្ឍ បញ្ហាខ្វះខាត នឹងត្រូវបានកាត់បន្ថយ»។

CATEGORIES
Share This