Toyota ​ផ្អាក​លក់​ឡាន​មួយ​ចំនួន​ ខណៈ​​​​​រឿង​​អាស្រូវ​​សុវត្ថិភាព​​រថយន្ត​​របស់​​ជប៉ុន​កាន់​តែ​​រីក​​​ធំ

ក្រុម​ហ៊ុន​រថយន្ត​ ​ Toyota Motor និង Mazda បាន​បញ្ឈប់​ការ​លក់​ចេញ​រថ​យន្ត​របស់​ខ្លួន​មួយចំនួន​​​ ក្រោយ​ក្រសួង​ដឹក​ជញ្ជូន​របស់​ប្រទេស​ជប៉ុន​ បាន​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​​​ក្នុង​ពាក្យ​​ស្នើសុំ​​​វិញ្ញាបនកម្ម​​សម្រាប់​​ម៉ូដែល​​រថយន្ត​មួយ​ចំនួន​ ដោយ​ធ្វើ​ឱ្យ​​​​​​​រឿង​​អាស្រូវ​ពាក់​ព័ន្ធ​នឹង​​​សុវត្ថិភាព​​រថយន្ត​​​​កាន់​តែ​​រីក​​​ធំឡើង​កាល​ពី​ថ្ងៃ​ចន្ទ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​ CNN។ ​

ក្រសួង​បាន​និយាយ​ថា​ ភាព​មិន​ប្រក្រតី​នេះ​ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​របស់​​ក្រុមហ៊ុន​ Honda ​ក្រុមហ៊ុន​ Suzuki ​និង​ក្រុម​ហ៊ុន​ Yamaha Motor ​ផង​ដែរ​។​ ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង​អស់​ ត្រូវ​បាន​​រក​ឃើញ​ថា​ បាន​បញ្ជូល​ទិន្នន័យ​តេស្ត​សុវត្ថិភាព​មិន​ត្រឹម​ត្រូវ​ ឬ​ក្លែង​បន្លំ​ទិន្នន័យ​ ​ទៅ​ក្នុង​ពាក្យ​ស្នើ​សុំ​​​វិញ្ញាបនកម្ម​​​សម្រាប់​យាន​យន្ត​របស់​ពួក​គេ​។

ក្រសួង​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ Toyota​ ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ជាង​គេ​លើ​ពិភព​លោក​ ​ក្រុម​ហ៊ុន​ Mazda ​និង​ក្រុម​ហ៊ុន​ Yamaha ​ផ្អាក​ការ​នាំ​ចេញ​រថយន្ត​មួយ​ចំនួន​​។

ការ​ទម្លាយ​ការណ៍​ចុង​ក្រោយ​នេះ​ ធ្វើ​ឡើង​​​បន្ទាប់​ពី​ក្រសួង​ដឹក​ជញ្ជូន​ជប៉ុន​ កាល​ពី​ខែ​មករា​ បាន​ស្នើ​សុំ​ក្រុមហ៊ុន​ផលិត​រថយន្ត​នានា​ បើក​ការ​ស៊ើប​អង្កេត​​លើ​ការ​ស្នើ​សុំ​វិញ្ញាបនប័ត្រ​ បន្ទា​ប់​ពី​រឿង​អាស្រូវ​​ទិន្នន័យ​តេស្ត​សុវត្ថិភាព​រថយន្ត​របស់​​ Daihatsu ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​​របស់​​ Toyota ​ផ្ទុះ​ឡើង​កាល​ពី​ចុង​ឆ្នាំ​មុន​។ ​

ការ​វិវត្តន៍​​កាល​ពី​ថ្ងៃ​ចន្ទ​​នេះ​ ​​ក៏​ទំនង​ជា​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​ប្រជុំ​ទូទៅ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ Toyota នៅ​ចុង​ខែ​នេះ​ផង​ដែរ​ ​ដោយ​​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ប្រូកស៊ី​ដ៏​មាន​ឥទ្ធិពល​​ Institutional Shareholder Services ​និង​ Glass Lewis ​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ម្ចាស់​ភាគ​ហ៊ុន​ បោះ​ឆ្នោត​ប្រឆាំង​នឹង​ការ​ជ្រើសរើស​លោក​ Akio Toyoda ឱ្យ​​បន្ត​ធ្វើ​ជា​ប្រធាន​​ក្រុម​ហ៊ុន​ឡើងវិញ។

CATEGORIES
TAGS
Share This