កាន់តែក្តៅ! ណាតូមួយប្រទេស បើកដៃឲ្យអ៊ុយក្រែន យក F-16 វាយប្រហារទឹកដី រុស្ស៊ី

តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃចន្ទទី៣ខែមិថុនា, ប្រទេសហូឡង់ ដែលជាសមាជិកណាតូ បានអនុញ្ញាតឲ្យកងទ័ពអាកាសអ៊ុយក្រែន ប្រើយន្តហោះចម្បាំង F-16 ដែលខ្លួននឹងប្រគល់ឲ្យចំនួន២៤គ្រឿង បើកការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ដែលទង្វើនេះនឹងធ្វើឲ្យស្ថានការណ៍កាន់តែក្តៅគគុក។

រឿងនេះ ត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីការពារជាតិហូឡង់ លោកស្រី Kajsa Ollongren នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Politico កាលពីចុងសប្តាហ៍ ដោយលោកស្រីនិយាយថា ហូឡង់ គ្មានការរឹតបន្តឹងដូចបែលហ្ស៊ិក ដែលមិនឲ្យទីក្រុងកៀវ បើកយន្តហោះ F-16 ផ្តល់ដោយទីក្រុងព្រុចសែល ហោះចូលដែនអាកាសរុស្ស៊ីនោះទេ។

លោកស្រី Ollengren គឺស្ថិតក្នុងចំណោមមន្ត្រីជាន់ខ្ពស់នានា ដែលជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងអំឡុងពេលកិច្ចសន្ទនា Shangri-la នៅប្រទេសសិង្ហបុរី។

លោកស្រីនិយាយថា “យើងកំពុងអនុវត្តគោលការណ៍តែមួយ ដូចដែលយើងបានអនុវត្តចំពោះរាល់គ្រឿងសឹកផ្សេងៗដែលយើងផ្តល់ឲ្យអ៊ុយក្រែន។ វាជាសិទ្ធិរបស់ពួកគេក្នុងការប្រើប្រាស់។​ យើងគ្រាន់តែសុំឲ្យពួកគេគោរពតាមច្បាប់អន្តរជាតិ និងសិទ្ធិការពារខ្លួន ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលថា​ ពួកគេប្រើវាដើម្បីកំណត់គោលដៅយោធាប៉ុណ្ណោះ។

សេចក្តីប្រកាសរបស់ហូឡង់ កើតឡើងត្រឹមប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បើកភ្លើងខៀវឲ្យអ៊ុយក្រែន ប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីវាយប្រហារគោលដៅរបស់រុស្ស៊ីនៅជិតតំបន់ Kharkiv។

CATEGORIES
TAGS
Share This