អ្នកនាំពាក្យអប់រំ ណែនាំគ្រូ និងសិស្ស ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាពក្នុងរដូវវស្សានេះ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ-មាតាបិតា និងសិស្សានុសិស្សត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពនៅក្នុងរដូវវស្សានេះដើម្បីចៀសនូវការឆ្លងជំងឺដង្កាត់ផ្សេងៗដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។
លោកស្រី ឃួន វិច្ឆិកា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៤ មិថុនា នេះថា នៅក្នុងរដូវវស្សានេះលោកគ្រូ-អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្ស ពេលធ្វើដំណើរពីផ្ទះទៅសាលារៀន និងពីសាលារៀនត្រឡប់ទៅផ្ទះត្រូវត្រៀមឆត្រ ឬអាវភ្លៀងសម្រាប់ប្រើប្រាស់បន្ទាន់ក្នុងករណីមានភ្លៀងធ្លាក់។ ត្រូវបរិភោគចំណីអាហារឱ្យបានគ្រប់គ្រាន់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យមានសុខភាពល្អ មាំមួនទប់ស្កាត់រាល់បញ្ហា ឬជំងឺឆ្លងនានាដែលកើតមាននៅក្នុងរដូវវស្សាដូចជា ជំងឺរាករូសដែលបណ្តាលមកពីការបរិភោគអាហារមិនមានអនាម័យ និងជំងឺផ្តាសាយជាដើម។
លោកស្រីបានណែនាំដល់លោកគ្រូ-អ្នកគ្រូ មាតាបិតានិសិស្សានុសិស្សត្រូវសំអាតបរិស្ថាន និងអនាម័យនៅជុំវិញផ្ទះនិងសាលារៀនឱ្យបានស្អាត ពិសេសសម្ភារដែលអាចដក់ទឹកបានដែលជាប្រភពជម្រកមូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមហើយត្រូវគេងក្នុងមុងជាប់ជានិច្ច ហើយតាមដានសុខភាពជាប្រចាំ និងប្រញាប់ទៅមន្ទីរពេទ្យក្នុងករណីសង្ស័យថា មានជំងឺគ្រុនឈាម ឬជំងឺឆ្លងណាមួយជាដើម។