ពលរដ្ឋឃុំឫស្សីជ្រុំ ទទួលបានផ្លូវកៅស៊ូប្រវែង ១០ គីឡូម៉ែត្រ ពីរាជរដ្ឋាភិបាល


ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ឫស្សី​ជ្រុំ ស្រុក​ថ្មបាំង ខេត្ត​កោះកុង បាន​បង្ហាញ​ការ​ពេញចិត្ត​ពេញ​ថ្លើម​យ៉ាង​ខ្លាំង​ពេល​ពួកគាត់​ទទួល​បាន​ផ្លូវ​កៅស៊ូ​ប្រវែង ១០ គីឡូម៉ែត្រ ពី​រាជរដ្ឋាភិបាល​កម្ពុជា នា​ឆ្នាំ ២០២៤ នេះ។

ក្តី​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​អ្នក​នៅ​ឃុំ​ឫស្សី​ជ្រុំ បាន​សម្រេច​ហើយ ដោយ​លែង​លំបាក​ធ្វើ​ដំណើរ ឬ​ដឹកជញ្ជូន​ផល​កសិកម្ម​ទៀតហើយ ក្រោយ​ការ​សំណូមពរ​ឱ្យ​មាន​ការ​ស្ថាបនា​ផ្លូវ​កៅស៊ូ​នេះ​ពី​រដ្ឋាភិបាល ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្ត។

លោក មុត សូនី ជា​កសិករ និង​អ្នកស្រី កញ្ញា ជា​អ្នក​លក់ដូរ​បាយ​ព្រឹក ទល់មុខ​វិទ្យាល័យ ឫស្សី​ជ្រុំ ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ១ ខែ​មិថុនា ឆ្នាំ ២០២៤ ថា នៅ​ពេល​មាន​ផ្លូវ​កៅស៊ូ​ស្អាត​ល្អ ងាយស្រួល​ចរាចរណ៍​ទៅ​មក​បែបនេះ គឺ​បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយសារ​រអិល​ពេល​រដូវ​វស្សា ឬ​ដី​ហ៊ុយ​ខ្លាំង​ពេល​រដូវ​ប្រាំង។

តំណាង​ប្រជាពលរដ្ឋ​ដដែល ជឿជាក់​ថា អ្នកទេសចរ នឹង​មក​លេង​កម្សាន្ត​ឆ្លងកាត់​ច្រើន​ក្នុង​មូលដ្ឋាន រីឯ​ការ​លក់ដូរ​ក៏បាន​ធូរធារ​ជាង​មុន។ ចំណែក​ទិន្នផល​កសិកម្ម អាច​ដឹកជញ្ជូន​ទៅ​ឱ្យ​ឈ្មួញ​កណ្ដាល​បាន​លឿន​រហ័ស​ផង​ដែរ។ ទោះ​យ៉ាងណា ពលរដ្ឋ យល់ថា ទៅ​អនាគត នឹង​មាន​ការ​តភ្ជាប់​ពី​កៅស៊ូ​ប្រវែង ១០ គីឡូម៉ែត្រ ទៅ​តំបន់​អារ៉ែង​បន្ថែម​ទៀត។

គម្រោង​កសាង​ជា​ផ្លូវ​កៅស៊ូ ១០ គីឡូម៉ែត្រ ខាងលើ​នេះ ជា​អំណោយ​របស់​រាជរដ្ឋាភិបាល ហើយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​កង​វិស្វកម្ម ឆ្នាំ ២០២៤ ជា​អ្នក​អនុវត្ត​គម្រោង​សាងសង់​ឡើង​ជាង ៥ ខែ​កន្លងមក ដើម្បី​បំពេញ​តាម​តម្រូវការ​ចង់បាន​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

CATEGORIES
Share This