ម្ចាស់កសិដ្ឋានមួយចាយទុន ១០ ម៉ឺនដុល្លារ ជីកស្រះចិញ្ចឹមក្ដាមថ្មធម្មជាតិ
អ្នកស្រី អ៊ុង ពុធមុល្លិកា ម្ចាស់កសិដ្ឋានចិញ្ចឹមក្ដាមថ្មធំជាងគេមួយនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចាយដើមទុន ប្រមាណ ១០ ម៉ឺនដុល្លារ ដើម្បីជីកស្រះចិញ្ចឹមក្ដាមថ្មធម្មជាតិ ទទួលបានជោគជ័យសឹងតែរកក្ដាមលក់មិនទាន់។
អ្នកស្រី អ៊ុង ពុធមុល្លិកា ម្ចាស់កសិដ្ឋានចិញ្ចឹមក្តាមថ្មនៅស្រុកព្រៃនប់ ប្រាប់កម្ពុជាថ្មីថា ដំបូងឡើយអ្នកស្រីចិញ្ចឹមបង្គា ត្រីឆ្ពង់ និងត្រីតុកកែ តែពិបាករកទីផ្សារ ក៏ប្ដូរមកចិញ្ចឹមក្ដាមថ្ម ដែលចំណាយពេលចិញ្ចឹមតែរយៈពេល ៣ ខែក៏លក់បាន។
អ្នកស្រីបានចាប់ផ្ដើមអាជីវកម្មនៅឆ្នាំ ២០០២ រហូតមកដល់បច្ចុប្បន្ន ដែលកសិដ្ឋានរបស់អ្នកស្រី មានស្រះចំនួន ២០ ក្នុងទំហំដី ១២ ហិកតា។ អ្នកស្រីចាប់ក្ដាមលក់ចន្លោះពី ១៥-២០ គីឡូ ក្នុងមួយថ្ងៃ ដោយបោះឱ្យម៉ូយតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ។
អ្នកស្រី អ៊ុង ពុធមុល្លិកា ប្រាប់ថា៖ «ក្នុងមួយឆ្នាំកូនក្ដាមធម្មជាតិឡើងមកពីសមុទ្រទឹកជ្រៅម្ដង អញ្ចឹងខ្ញុំទិញយកមកដាក់គ្រប់ស្រះទាំងអស់ ដល់ពេលធំខ្ញុំចាប់លក់អស់ទៅ អញ្ចឹងខ្ញុំត្រូវរង់ចាំកូនក្ដាមមកម្ដងទៀត»។
កសិដ្ឋានរបស់អ្នកស្រី មានចិញ្ចឹមក្ដាមថ្ម ក្ដាមសក ក្ដាមពង និងត្រីតុកកែ ដែលក្ដាមសក និងក្ដាមពង មានតម្លៃ ៨ ម៉ឺនរៀលក្នុងមួយគីឡូ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា វិស័យកសិកម្មមានការរីកចម្រើនយ៉ាងខ្លាំងនៅមួយរយៈពេលចុងក្រោយនេះ ប្រជាកសិករមិនត្រឹមតែដាំដុះ ចិញ្ចឹមនៅនឹងកន្លែងទេ ប៉ុន្តែពួកគាត់បានដាំដុះ ចិញ្ចឹម ជាលក្ខណៈអាជីវកម្មផងដែរ។
បើតាមលោករដ្ឋមន្ត្រី បច្ចុប្បន្នកម្ពុជាផលិតសម្រាប់ទទួលទានគ្រប់គ្រាន់ហើយ និងមានផលិតផលសល់ក្នុងការនាំចេញផងដែរ នៅឆ្នាំ ២០២៣ ផលិតផលកសិកម្មនាំចេញទៅក្រៅប្រទេស បាន ៨,៤៥ លានតោន ដែលរួមមានស្រូវ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ចេកស្រស់ ស្វាយ ផ្លែមៀនស្រស់ ម្រេច និងកសិផលប្រមាណ ១០០ មុខទៀត៕