លោក សូ ម៉ារ៉ា ត្រូវបាន​ព្រះមហា​ក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជារដ្ឋ​មន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

អតីតរដ្ឋលេខាធិការយូរឆ្នាំនៅក្រសួងទេសចរណ៍ គឺលោក សូ ម៉ារ៉ា ត្រូវបាន​ព្រះមហា​ក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជារដ្ឋ​មន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ការត្រាស់បង្គាប់តែងតាំងនេះ បានធ្វើឡើងតាមព្រះរាជ​ក្រឹត្យកាល​ពី​ថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅ។

សូមបញ្ជាក់ថា សូ ម៉ារ៉ា មានអតីតភាពជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានបទពិសោធក្នុង​ការងារវិស័យទេសចរណ៍រយៈពេល៣៥ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤។

ក្នុងអាជីពជាមន្ត្រីក្រសួងទេសចរណ៍ ដែលធ្លាប់បានទទួលតំណែងតាមលំដាប់លំដោយ​ជាអនុ​ប្រធាន ប្រធាននាយកដ្ឋានឧស្សាហកម្មទេសចរណ៍ អគ្គនាយកទេសចរណ៍ អនុរដ្ឋលេខាធិការ និងជារដ្ឋលេខាធិការចំនួន ៣អាណត្តិ។

លោកបានសន្សំ និងទទួលបានបទពិសោធន៍ការងារជាក់ស្តែង និងធ្លាប់បានរួមចំណែកជាច្រើន​ក្នុងនាម​ជាស្ថានិកម្នាក់របស់អគ្គនាយកដ្ឋានទេសចរណ៍ក្នុងសម័យរដ្ឋកម្ពុជា។ គេនៅចាំបានថា កាលពីឆ្នាំ១៩៨០-១៩៩០ លោក សូ ម៉ារ៉ា ធ្លាប់បានបម្រើការងារនៅគណៈចាត់តាំងមជ្ឈឹម​បក្ស​នៃ​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមានព្រឹទ្ធាចារ្យ សាយ ភូថង សម្តេច​ក្រឡា​ហោម ស ខេង និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធានគណៈចាត់​តាំងមជ្ឈឹម​បក្ស។

ក្នុងដំណាក់កាលនោះ លោកធ្លាប់បានទទួលតំណែងជាកម្មាភិបាល ជាអនុប្រធាននាយកដ្ឋាន​ចាត់​តាំងរដ្ឋអំណាច និងជាអនុប្រធានមន្ទីរនៃគណៈចាត់តាំងមជ្ឈឹមទទួលបន្ទុកការងារសរុប ដែលមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាអ្នកបណ្តុះបណ្តាល។ នានិទាឃរដូវឆ្នាំ១៩៧៩ យុវជន សូ ម៉ារ៉ា ក៏ដូចជាយុវជនកម្ពុជាជាច្រើនរូប (ជាប្រធានក្រុមសេនាជនឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃ​វែង) បានក្រោកឈរឡើងរួមចំណែកវាយរំដោះមាតុភូមិកម្ពុជាពីពួកបនប្រល័យពូជសាសន៍ប៉ុល ពត នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៩។

ឆ្លងកាត់រយៈពេល៤៥ឆ្នាំ លោក សូ ម៉ារ៉ា ក្នុងបុព្វហេតុបំរើជាតិ មាតុភូមិ បានរីកចំរើនធំធាត់ក្នុង​ចល​នាមហាជន និងតាមរយៈការងារជាក់ស្តែង (ធ្វើផងរៀនផង)។ លោកធ្លាប់ត្រូវបានរដ្ឋាភិបាល​ចាត់​បញ្ចូនចុះមូលដ្ឋានរយៈពេលវែង និងបានបន្តការសិក្សារហូតចប់ថ្នាក់ក្រោយមហាវិទ្យាល័យ (Postgraduate) ទាំងនៅប្រទេសសង្គមនិយម និងសហរដ្ឋអាមេរិកជាដើម៕

CATEGORIES
Share This